សូមសរសើរ! ប្អូនប្រុស ជៀប ស៊ីបូរ៉ា ច្នៃឈុតបុរាណខ្មែរ គ្រងលើតុក្កតាបាប៊ី សង្ឃឹមថាបរទេសនឹងស្គាល់ប្រពៃណីខ្មែរកាន់តែច្រើន

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាមួយស្នាដៃ និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរមួយរូប ឈ្មោះ ជៀប ស៊ីបូរ៉ា មានគណនីបណ្តាញសង្គមឈ្មោះថា Bora Apsara Barbie ដែលបានច្នៃឈុតបុរាណខ្មែរ បំពាក់លើតុក្កតាបាប៊ី ជាច្រើនកន្លងមក។

នៅក្នុងគណនីបណ្តាញសង្គមរបស់លោក គេតែងតែឃើញរូបភាពថ្មីៗ និងប្លែកៗ ច្រើនម៉ូត ច្រើនពណ៌ ជាមួយតុក្កតាបាប៊ី ដែលបានគ្រងឈុតបុរាណខ្មែរយ៉ាងចែងចាំង និងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍តែម្តង។

បុរសវ័យក្មេងជំនាញច្នៃម៉ូតបុរាណខ្មែរសម្រាប់តុក្កតាបាប៊ីនេះ បានប្រាប់មកកាន់ ខ្មែរឡូត ថា៖

«គំនិតមួយនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយមូលហេតុដែលធ្វើឈុតបុរាណខ្មែរគ្រងលើតុក្កតាបាប៊ីនេះឡើង គឺចង់ផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរដែលបន្សល់ទុកពីដូចតាជាយូរមកហើយនោះ ឲ្យប្រជាជនខ្មែរខ្លួនឯងគាំទ្រកាន់តែខ្លាំង ហើយលើសពីនេះទៀតនោះ ក៏ចង់ឲ្យបរទេសបានស្គាល់កាន់តែច្រើនផងដែរ»។

ជាមួយការខិតខំប្រឹងប្រែងនេះ ស្នាដៃរបស់លោក បូរ៉ា មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ សូម្បីតែបរទេសមួយចំនួន ក៏បានពេញចិត្តជាមួយគំនិតច្នៃប្រឌិតដ៏ពិសេសនេះដែរ ជាពិសេសនោះគឺបណ្តាអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងរុស្ស៊ី តែម្តង៕

ចង់ដឹងថា ស្នាដៃច្នៃម៉ូតដ៏ពិសេសសម្រាប់តុក្កតាតូចៗនោះ ពិតជាស្រស់ស្អាតគួរឲ្យសរសើរយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖  

Leave a Reply