អត់ដឹងមានខ្មោចក្នុងបន្ទប់សោះ… លុះជះក្លិនទើបមានការភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិនហុងកុង​ម្នាក់ មិនដឹង​ថា​​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ តាំងពី​ពេល​ណា​ទេ​ ទាល់តែ​ជះក្លិន​ចេញមក​ក្រៅ​ ទើប​ដឹង ។

សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធនិង​មន្ត្រី​មូលដ្ឋាន​ដែល​ទទួលភារៈ​ទៅ​ពិនិត្យ​សពបាន​ប្រើប្រាស់​គ្រឿងក្រអូប​បាញ់​តាម​ផ្លូវ​និង​មុខ​បន្ទប់​ក្នុងផ្ទះ​សំណាក់ ព្រមទាំង​ប្រើ​កង្ហារ​៣​ទៅ​៤​គ្រឿង ទើប​អាច​ចូល​ពិនិត្យ​សព​បាន ព្រោះតែ​ក្លិនស្អុយ​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ កើតឡើង​នៅ​បន្ទប់​លេខ​១០៩​នៃ​ផ្ទះសំណាក់​មួយ ក្នុងភូមិ​ក្បាលស្ពាន​១សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ។ បុរស​ចិន​ហុងកុង​ដែល​ស្លាប់​នេះ​ឈ្មោះ ហ្វុ​ង ឡុ​ង អាយុ​៦៦​ឆ្នាំ នេះ​បើ​តាម​កា​អះអាង​របស់​សមត្ថកិច្ច ។ ជន​រង​គ្រោះស្លាប់​ក្នុង​ស្ថានភាព​ដេក​ផ្កាប់មុខ ហើយដោយ​បន្ទប់​ដាក់​គន្លឹះ​ពី​ខាងក្នុង ម្ល៉ោះហើយ​ទាល់តែ​ម្ចាស់ផ្ទះសំណាក់​គាស់​និង​ធាក់​បំបាក់​គន្លឹះទ្វារ​ទើប​ចូល​ទៅ​ខាងក្នុង​បាន ។

នៅ​ក្នុង​បន្ទប់ សមត្ថកិច្ច​រក​ឃើញ​មាន​ថ្នាំលេបជា​ច្រើន​លើ​ជំងឺ​៣​មុខ​រួម​មាន ជំងឺ​ក្រពះ​លើសឈាម និង​ទឹក​នោមផ្អែម ។ ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​បាន​ជួល​បន្ទប់ខាងលើ​ស្នាក់​នៅ​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ និង​ភាគច្រើន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ។ម្ចាស់ផ្ទះសំណាក់​បន្ត​ថា គាត់​មិនឃើញ​ជន​រង​គ្រោះចេញចូល​បន្ទប់​តាំងពី​ថ្ងៃ​ទី​១២ ខែឧសភា លុះ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា មាន​ធុំក្លិន​ស្អុយ​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា​ស្លាប់ និង​រាយការណ៍​ជូន​សមត្ថកិច្ច ។

អនុលោម​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត គ្រូពេទ្យ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ត្រួតពិនិត្យ​និង​កោសល្យវិច័យ​សព​យ៉ាង​ល្អិតល្អន់ ។ ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ ព្រោះ​លើ​រាយ​កាយ​សព​ពុំ​មាន​ស្លាកស្នាមប៉ះទង្គិច​នឹង​អ្វី​ឡើយ ម្យ៉ាង​រក​ឃើញ​ថ្នាំពេទ្យ​ជា​ច្រើន​ដែល​ជន​រង​គ្រោះ​ប្រើប្រាស់ ។ មួយ​វិញទៀត បន្ទប់​ជន​រង​គ្រោះ​ស្នាក់​នៅ​តែ​ម្នាក់ឯង ហើយ​ដាក់​គន្លឹះ​ពី​ខាងក្នុង​ទៀត​ផង ។

សមត្ថកិច្ច​ប្រាប់​ថា សព​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត រង់ចាំ​ទំនាក់ទំនង​រក​សាច់ញាតិ​តាម​រយៈ​មន្ត្រី​ស្ថាន​កុងស៊ុល ឬ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ៕

Leave a Reply